Wednesday, December 01, 2010

វិបត្តិ​ផ្លូវចិត្ត​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​កំពុង​វាយលុក​ដោយ​ស្ងាត់ស្ងៀម​លើ​សង្គម​ខ្មែរ

ដោយ ប៉ែន បូណា

I do agree with the analyst about the worse trauma of Cambodian people. The past brutality and civil war have clearly exacerbated this trauma. Recent tradegy of Koh Pich has been certainly worsened this trauma. How could we heal this trauma? I would like to hear more from all of you.

Click to listen:







បទ​វិភាគ​របស់​ប៉ែន បូណា​ពី​ទីក្រុង​ភ្នំពេញ

(04:07)

















សំណុំរឿង ​ស្ពាន​ពេជ្រ​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​បិទ​បញ្ចប់​ទាំងស្រុង​ហើយ​ នៅ​ដើម​សប្តាហ៍​នេះ។ ប៉ុន្តែ​វិបត្តិ​ផ្លូវចិត្ត​របស់​អ្នករង​របួស នៅ​ក្នុង​ហេតុការណ៍​ ជាពិសេស​របស់​ក្រុម​គ្រួសារ​អ្នកស្លាប់​មិន​បាន​បិទ​បញ្ចប់​ជាមួយ​សំណុំរឿង​ នេះ​ទេ។ ​ពួកគេ​នឹងរស់​នៅ​ជាមួយ​សម្ពាធ​ផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ​មួយ ដែល​មិន​ដឹង​ថ្ងៃណា បាន​រសាយ​ឡើយ។ ​នេះជា​សម្ពាធ​ផ្លូវចិត្ត​ ថ្មី​មួយ​ទៀត បន្ថែម​ពី​លើ​របួស​ផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ ដែល​គ្រួសារ​ខ្មែរ​ទទួល​រង​ក្នុង​សម័យ​សង្គ្រាម និង​ជាពិសេស​ក្នុង​របប​ខ្មែរក្រហម។ តើ​ពលរដ្ឋ​ខ្មែរ​បាន​ទទួល​រង​វិបត្តិ​ផ្លូវចិត្ត​អ្វីខ្លះ? ​តើ​វិបត្តិ​ទាំងនោះ​បង្ក​ផលវិបាក​បែបណា​ដល់​សង្គម?

ឧបទ្ទវហេតុ​នៅលើ​ស្ពានពេជ្រ កាលពី​រាត្រី​២២​វិច្ឆិកា​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ​៣៥១​នាក់ គឺជា​មហា​សោកនាដកម្ម​ដ៏គួរឲ្យ​តក់ស្លុត​ថ្មី​មួយទៀត ដែល​ធ្វើឲ្យ​អារម្មណ៍​គ្រួសារខ្មែរ​ជាច្រើន ដិតដាម​ដោយ​ក្តី​រន្ធត់​ញាប់ញ័រ។

មហា​សោកនាដកម្ម​មួយ​នេះ​បាន​បន្សល់​ទុក​នូវ​វិបត្តិ​ផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ ​ ជាពិសេស​សម្រាប់​អ្នកដែល​ស្ថិតនៅ​ក្នុង​ហេតុការណ៍​ និង​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់​យ៉ាង​អាណោចអាធម័ ក្នុង​ព្រឹត្តិការណ៍​ដែល​មិន​គួរ​នឹង​កើត​មាន​ទាល់​តែ​សោះ​នេះ។ ​អ្វីដែល​ធ្ងន់ធ្ងរ​បំផុត គឺ​មាន​គ្រួសារ​ខ្លះ​បាន​បាត់បង់​សមាជិក​ដល់​ទៅ​៣ ឬ​៤​នាក់ ក្នុង​ពេល​ដំណាល​គ្នា។ ​តើ​ពួកគេ​ទទួល​ការប៉ះទង្គិច​អារម្មណ៍​បែបណា​ពី​មហា​សោកនាដកម្ម​នេះ? ​នេះគឺ​ជា​សំណួរ​ដែល​អាច​បញ្ជាក់​បាន​អំពី​ទំហំ​វិបត្តិ​ផ្លូវចិត្ត​ដែល​ គ្រួសារ​ខ្មែរ​ទាំង​នោះ​កំពុង​ទទួល​រង។


កុមារ​ក្នុង​ប្រទេស​កម្ពុជា
©រក្សាសិទ្ធិ
វិបត្តិ ​ផ្លូវចិត្ត គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​សង្គម​ខ្មែរ ដែល​បាន​ហែល​ឆ្លងកាត់​ភ្លើងសង្គ្រាម​វិនាសកម្ម ជាង​ពីរ​ទសវត្សរ៍ ដែល​ក្នុង​អំឡុង​ពេល​នោះ ​មហាសោកនាដកម្ម​ជាច្រើន​បាន​កើត​ឡើង​ក្រោម​ក្រសែភ្នែក​របស់​ប្រជាពលរដ្ឋ។ ការសងសឹក​ ការកាប់​សម្លាប់​គ្នា​ដោយ​គ្មាន​ច្បាប់​ទម្លាប់​ វិនាសកម្ម​សង្រ្គាម ​និង​ជាពិសេស​ការរស់នៅ​បែប​ទាសករ ក្នុង​របប​ខ្មែរក្រហម​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​បាន​ឃើញ​ការសម្លាប់​កូនចៅ ​សាច់ញាតិ ជាទី​ស្រឡាញ់​របស់​ខ្លួន​នៅ​នឹងភ្នែក ​សុទ្ធសឹង​ជា​ឈុតឆាក​ដ៏​មហា​រន្ធត់​ដែល​ដក់ជាប់​ក្នុង​អារម្មណ៍​របស់​ពួកគេ​ គ្រប់រូប​មិនអាច​រសាយ​បាន​ឡើយ។

ក្តីរន្ធត់​តក់ស្លុត​ទាំងនេះ​ហើយ​ដែល​បង្កើត​ជាវិបត្តិ​ផ្លូវចិត្ត​ ដ៏ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​ខ្មែរ​គ្រប់​គ្នា ដែល​គ្មាន​អ្នកណា​គេច​ផុត។ ទិដ្ឋភាព​នេះ ​បាន​តាម​លង​អារម្មណ៍​ខ្មែរ​គ្រប់​ពេល និង​បាន​ធ្វើ​ឲ្យ​ខ្មែរ​ជាច្រើន​រស់ ក្នុង​សភាព​បាក់ស្បាត​ជា​ប្រចាំ។

បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​បាន​រកឃើញ​ស្នាម​ញញឹម​ឡើង​វិញ​ហើយ ក្រោយ​ពី​ប្រទេស​ជាតិ​មាន​សន្តិភាព។ ប៉ុន្តែ ​បញ្ហា​ជាច្រើន​នៅតែ​បន្ត​បង្កើត​ជា​សម្ពាធ​ផ្លូវចិត្ត​ដល់​ពលរដ្ឋ​ដ៏​ អភ័ព្វ​នេះ។ បញ្ហា​នៅ​ក្នុង​សម័យ​ថ្មី​នេះ​មាន​ដូចជា ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​អយុត្តិធម៌​សង្គម​ និង​ភាពក្រីក្រ។ល។​និង​។ល។ បាន​បន្ត​ដាក់​សម្ពាធ​ផ្លូវ​ចិត្តថែម​មួយ​កម្រិត​ទៀត​ទៅលើ​របួស​ផ្លូវចិត្ត​ ដែល​កំពុង​មាន​ស្រាប់​ទៅ​ហើយ​នោះ។

នៅ​មិនទាន់​មាន​ការសិក្សា​ណាមួយ​ឲ្យ​បាន​ស៊ីជម្រៅ ទៅ​លើ​ទំហំ​នៃ​វិបត្តិ​ផ្លូវចិត្ត នៅ​ក្នុង​សង្គម​ខ្មែរ​នៅ​ឡើយ​ទេ ​ប៉ុន្តែ ​បើ​យោង​តាម​ក្រុម​គ្រូពេទ្យ​ឯកទេស​ ជំងឺ​ផ្លូវចិត្ត​មាន​សភាព​ន់ធ្ងរ​ណាស់​សម្រាប់​សង្គម​កម្ពុជា។ ថ្វីត្បិត​តែ​វិបត្តិ​នេះ​ហាក់​ដូចជា​មិនសូវ​មើល​ឃើញ ​ប៉ុន្តែ ​វាបាន និង​កំពុង​រាត្បាត និង​ស៊ីរូង​សង្គម​ខ្មែរ​ដោយ​ស្ងៀមស្ងាត់​បំផុត។

ជា​ផលវិបាក​ជាក់ស្តែង មនុស្សខ្មែរ​ជាច្រើន​រស់នៅ​ក្នុង​សភាព​ខ្ទេចខ្ទាំ​ខាង​ស្មារតី និង​បាក់ស្បាត​ដែល​ធ្វើឲ្យ​ពួកគេ​ងាយ​នឹង​តក់ស្លុត នៅ​ចំពោះមុខ​ស្ថានភាព​ភយន្តរាយ​ណា​មួយ។ ​ការឆាប់ជឿ​លើ​អបិយ​ជំនឿ​ផ្តេសផ្តាស​ទាក់ទង​នឹង​សេចក្តី​ស្លាប់​ដែល​ជា​ ចរន្ត​កំពុង​កើតឡើង​ពាសពេញ​ផ្ទៃ​ប្រទេស ដូចជា​ពេល​បច្ចុប្បន្ន​នេះ គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ។ ​អំពើ​ហិង្សា​ ឧក្រិដ្ឋកម្ម ឃាតកម្ម ​និង​អាកប្បកិរិយា​មិន​គោរព​ច្បាប់​ ជាដើម ក៏​អាច​មាន​ប្ញសគល់​ចេញ​ពី​ស្ថានភាព​ខ្ទេចខ្ទាំ​ខាង​ស្មារតី​របស់​ពលរដ្ឋ​ នេះ​ដែរ។

ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត​ ពលរដ្ឋ​ខ្មែរ​ជាច្រើន​រស់​ក្នុង​សភាព​វិលវល់ ដូចជា​មនុស្ស​គ្មាន​ព្រលឹងព្រលះ​ក្នុង​ខ្លួន ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​កសាង​សង្គម​គ្រួសារ​ឲ្យ​បាន​ល្អ​បាន​ឡើយ។ ​នេះក៏​ជា​មូលហេតុ​មួយ​នៃ​ភាព​ក្រីក្រ​ក្នុង​សង្គម​ផង​ដែរ។
សរុប​មក​វិញ ​ពលរដ្ឋ​ខ្មែរ​ទទួល​រង​ការប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ដំណំ ពី​របប​សង្គម​ដែល​ខ្លួន​រស់នៅ។ ទោះបី​ជា​បច្ចុប្បន្ន ​សង្គម​កម្ពុជា​បាន​ស្គាល់​សន្តិភាព​ក៏មែន​ពិត​ ប៉ុន្តែ ​មាន​បញ្ហា​ជាច្រើន នៅ​តែ​បង្ក​ជា​បន្ទុកបន្ថែម​ទៅលើ​របួស​ផ្លូវចិត្ត​ដែល​មាន​ស្រាប់។ ​សង្គម​មួយ​ដែល​មាន​កោសិកា​ជា​ពលរដ្ឋ​ទទួល​រងរបួស​ផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ​ បែប​នេះ​ពិតជា​មិន​ងាយ​នឹង​ស្តារ​ឡើយ។

ដូច្នេះ ការព្យាបាល​របួស​ផ្លូវចិត្ត​នៃ​ពលរដ្ឋ​របស់​ខ្លួន គឺជា​បេសកកម្ម​ចម្បង​របស់​រដ្ឋាភិបាល។ យ៉ាងហោច​ណាស់ ​ការទប់ស្កាត់​មិន​ឲ្យ​មាន​ការប៉ះទង្គិច​អារម្មណ៍​ថ្មី​ទៀត ក៏អាច​ចាត់ទុក​ជា​ការចូលរួម​ចំណែក​ដ៏ធំធេង​ក្នុង​ការព្យាបាល​របួស​ ផ្លូវចិត្ត​នេះ​ដែរ៕

No comments: