Friday, October 05, 2012

Is it a Vinaya offense if the monks accessed to facebook?



ព្រះសង្ឃ​ប្រើ​ហ្វេស​ប៊ុក មិន​ខុស​វិន័យ​ទេ


Thursday, 04 October 2012
សឿង វុទ្ធី
The Phnom Penh Post
ព្រះ​ពុទ្ធ​សម្ដែង​ថា​ អ្នក​ធ្វើ​អាក្រក់​ មិន​មែន​អាក្រក់​ដោយ​ធម្មជាតិ​ឡើយ គឺ​គេ​ធ្វើ​អាក្រក់​ដោយ​សារ​អវិជ្ជា។
ទាក់​ទង​នឹង​សំណួរ​ថា តើ​ព្រះ​សង្ឃ​ដែលប្រើ​ហ្វេស​ប៊ុក​ ខុស​នឹង​វិន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ដែរ​ឬ​ទេ? ដែល​អាត្មា បាន​ឃើញ​សារ​ព័ត៌​មាន​ភ្នំពេញ​ ប៉ុស្តិ៍ បាន​បង្ហោះ​តាម​អ៊ីន​ធឺណិត កាល​ពី​ថ្ងៃទី ២ ខែ​តុលា ២០១២។​ អាត្មា​ភាព​សូម​ឆ្លើយ​តប​វិញ​ថា​ ព្រះ​សង្ឃ​ដែល​ចេះប្រើ​ហ្វេស​ប៊ុក​ មិន​ខុស​វិន័យ​ទេ ព្រោះ​គ្មាន​ពុទ្ធ​បញ្ញត្តិ​ហាម​ ​ហើយ​ក៏​គ្មាន​ពុទ្ធា​នុញ្ញាត​ ​ដែរ។

ដូច្នេះ​ព្រះ​សង្ឃ​ អាច​ប្រើ​ហ្វេស​ប៊ុក​ ឬ​អ៊ីន​ធឺ​ណិត​បាន​ តែ​គប្បី​ប្រើ​ក្នុង​គោល​បំណង​ល្អ​ ដើម្បី​ផល​ប្រយោជន៍​ ក្នុង​ការ​ទំនាក់​ទំនង​ឬ​ផ្សព្វ​ផ្សាយ​ធម៌​វិន័យ ​របស់​ព្រះ​សម្ពុទ្ធ ទូទាំង​សកល​លោក​ ស្រប​តាម​សម័យ​ទំនើប​បច្ចុប្បន្ន។ ផ្ទុយ​ទៅ​វិញ​ បើ​លោក​ប្រើ​ផ្តេស​ផ្តាស់​ វា​ជា​រឿង​មួយ​ខុស​នឹង​ក្រម​សីល​ធម៌​ប៉ុណ្ណោះ។ សង្គម​គប្បី​មើល​ឃើញ​ព្រះ​សង្ឃ​ តាម​ផ្លូវ​វិជ្ជ​មាន​ផង។

ព្រះ​សង្ឃ បាន​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​ជា​ច្រើន ដល់​សង្គម​ដូច​ជា​ការ​ជួយ​និស្សិត​ក្រីក្រ ឬ​និស្សិត​ដែល​នៅ​ឆ្ងាយៗ ឲ្យ​មក​ស្នាក់​នៅ​វត្ត ដើម្បី​បន្ត​ការ​សិក្សា​រៀន​សូត្រ​នៅ​តាម​ខេត្ត ឬ​ភ្នំពេញ​ជា​ដើម។​ រឿង​ដែល​ព្រះ​សង្ឃ​ធ្វើ​ជា​គ្រូ​ស្រោច​ទឹកឬ​គ្រូមន្ត អាគម....ថ្វី​ដ្បិត​តែ​ជួយ​បញ្ហា​របស់​សង្គម​មនុស្ស​ខ្លះ​ក៏​ពិត​មែន តែ​វាជា​រឿង​ខុស​នឹង​វិន័យ​របស់​ព្រះ​សម្ពុទ្ធ ត្រង់​អនេសនៈ​២១ ដោយ​ពិត ប៉ុន្តែ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​ធំ ដែល​ជា​អ្នក​មិន​ចេះ​វិន័យ​របស់​ពុទ្ធ​សាសនា​ច្បាស់​លាស់ យល់​ថា វាជា​រឿង​ត្រឹម​ត្រូវ ដែល​ព្រះ​សង្ឃ គួរ​ធ្វើ​ទៅ​វិញ។ ចំពោះ​ព្រះ​សង្ឃ ជា​អ្នក​ស្រោច​ទឹក ឬ​គ្រូ​មន្ត​អាគម​វិញ អង្គ​ខ្លះ លោក​ពិត​ជា​ដឹង​ថា​ ធ្វើ​អញ្ចឹង​ខុស ​នឹង​ធម៌​វិន័យ​ដែរ​ ប៉ុន្តែ​ដោយ​បាន​លាភ​សក្ការ....​លោក​ក៏​ចេះ​តែ​ធ្វើ​ទៅ​។ រីឯ​ព្រះ​សង្ឃ​សម័យ​មុន​ ជាក់​ស្តែង​ស​ម័យ​សម្តេច​ព្រះ​សង្ឃ​រាជ​ជួន​ណាត​លោក​ភាគ​ច្រើន​ ខំ​រៀន​សូត្រ​និង​ប្រតិ​បត្តិ​តាម​ធម៌​វិន័យ​ ហើយ​ថែម​ទាំង​បង្កើត​ក្បួន​ខ្នាត​ជា​ច្រើន សម្រាប់​អ្នក​ជំនាន់​ក្រោយ។


ព្រះសង្ឃ​សម័យ​ឥឡូវ ថ្វី​ដ្បិត​តែ​ព្រះ​សង្ឃ​ខ្លះ ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ក៏​ពិត​មែន តែ​ក៏​មាន​ព្រះ​សង្ឃ​ជា​ច្រើន លោក​បាន​ខិត​ខំ​រៀន​សូត្រ​ចេះ​ទាំង​ពុទ្ធ​សាសនា​និង​វិទ្យា​សាស្រ្ត ដូច​ជា​ចេះ​ប្រើ​កុំព្យូទ័រ ចេះ​ប្រើ​អ៊ីន​ធឺ​ណិត​ជាដើម​....​រហូត​ដល់​ចេះប​ង្កើត​ក្បួន​ដីកា​ជា អក្សរ​កុំព្យូទ័រ វាយ​បាន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។ ប៉ុន្តែ​ព្រះ​សង្ឃ​ប្រភេទ​នេះ បែរ​ជា​មា​ន​អ្នក​ខ្លះ​រិះ​គន់​លោក​ទៅ​វិញ​ថា លោក​រៀន​វិជ្ជា​សាស្រ្ត​...​ប្រើ​កុំព្យូ​ទ័រ...ប្រើ​ទូស័ព្ទ​ទំនើបៗ​។ល។

នេះជា​ការ​ច្រណែន របស់​អ្នក​ខ្លះ​មិន​ដឹង ឬក៏​គេ​មិន​ចង់​ឲ្យ​លោក​សង្ឃ​ចេះ​ដូច​ខ្លួន? ឬ​ចង់ទុក​ឲ្យ​លោក​សង្ឃ នៅ​ល្ងង់​ខ្លៅ​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​មិន​អាច​ធ្វើ​អ្វី​កើត​?

តាមពិត​ទៅ​សាសនា​ មិន​អាច​ខ្វះ​វិទ្យា​សាស្រ្ត​បាន​ទេ។​ ដូច​លោក អល​ប៊ឺត​អាញ​ស្តាញ​ថា៖ វិទ្យា​សាស្រ្ត​ គ្មាន​សាសនា​ គឺ​ខ្វាក់​សាសនា​ខ្វះ​វិទ្យា​សាស្រ្ត​គឺ​ពិការ។​ដូច្នេះ​សម្រាប់​ព្រះ​សង្ឃ ​សម័យ​ទំនើប សីល​ធម៌​គប្បី​ខ្ពស់​ឬ​ខ្លាំង​ឯ​វិន័យ ក៏​គប្បី​ឲ្យ​តឹងរ៉ឹង បើ​ពុំ​នោះ​ទេ​ ពុទ្ធ​សាសនា​ មិន​អាច​តាំង​នៅ​បាន​យូរ​អង្វែង​ឡើយ ព្រោះ​គ្មាន​អ្នក​ចង់​បួស​ទៀត។

យើង ​កុំ​ឃើញ​ភិក្ខុ​អង្គ​ណាមួ​យ​ធ្វើខុ​ស ហើយ​ដាក់​កំហុស​ទៅ​លើ​ពុទ្ធ​សាស​នា។ ត្រូវ​ចេះ​បែង​ចែក​រឿង​បុគ្គល​ឬ​រឿង​សាធារ​ណៈ​ផង។ ពេល​ដើម​ឈើ​ផ្ដល់​ម្លប់​តូច​យើង​មិន​គប្បី​ស្តី​បន្ទោស​ដើម​ឈើ​នោះ ឬ​កាត់​មែក​វា​ចោល ថែ​ម​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ​យើង​គប្បី​ថែ​ទាំវា ដាក់​ជី ស្រោច​ទឹក​ ទើប​វា​លូត​លាស់​បាន​ខ្ពស់ ហើយ​ផ្តល់​ម្លប់​បាន​ធំ អាច​ឲ្យ​យើង​ជ្រក​ពី​ក្រៅ​បាន​ត្រជាក់​ត្រជុំ។

ក្នុង​ន័យ​នេះ​ បាន​សេចក្តី​ថា បើ​យើង​ឃើញ​ភិក្ខុ​អង្គ​ណា​មួយ ធ្វើ​ខុស យើង​ជា​ពុទ្ធ​បរិស័ទ​ដូច​គ្នា​ ត្រូវ​ចេះ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ចៀស​វាង​ការ​ភាន់ច្រ​ឡំ ឬ​ការ​ខុស​ឆ្គង​ទាំង​សង​ខាង។

ព្រះ​ពុទ្ធ​សម្ដែង​ថា​ អ្នក​ធ្វើ​អាក្រក់​ មិន​មែន​អាក្រក់​ដោយ​ធម្មជាតិ​ឡើយ គឺ​គេ​ធ្វើ​អាក្រក់​ដោយ​សារ​អវិជ្ជា។ ដូច្នេះ​គេ​ត្រូវ​ការ​អប់រំ​ឬ​ណែនាំ។ ទាក់​ទង​រឿង​ព្រះ​សង្ឃ​សម័យ​ឥឡូវ​នេះ ​ក៏​មិន​ខុស​រឿង​ក្នុង​សម័យ​ពុទ្ធ​កាល​ដែរ។ សម័យ​ពុទ្ធ​កាល មាន​ព្រាហ្មណ៍​ជា​គហបតី​ម្នាក់​ មក​ពិត​ទូល​ព្រះ​ពុទ្ធ​ថា​ព្រះ​អង្គ​បង្កើត​សាសនា​ព្រះ​អង្គ​ឡើង​ធ្វើ​អ្វី ព្រោះ​បើ​បង្កើត​ឡើង​ច្បាស់​ជា​មាន​ពួក​ភិក្ខុ​អ្នក​ទ្រុស្ត​សីល ធ្វើ​ឲ្យ​ខូច​ដល់​សាសនា​របស់​ព្រះ​អង្គ។​ គ្រា​នោះ​ព្រះ​ពុទ្ធ​ត្រាស់​សួរ​ព្រាហ្មណ៍​នោះ​ថា​ នៅ​ពេល​អ្នក​ធ្វើ​ស្រែ​ អ្នក​ដឹ​ង​ថា​ នឹង​មាន​ស្មៅ​ចង្រៃ​ដុះ​ឡើង​ក្នុង​សំណាប​ឬ​សន្ទូង​នោះ។ បើដឹង​ដូចនេះ​តើ​អ្នក​មិន​បាច់​ធ្វើ​ស្រែ​ឬ?

ព្រាហ្មណ៍​នោះ​ឆ្លើយ​ថា​ ត្រូវ​តែ​ធ្វើ​បើ​មិ​ន​ធ្វើ ​ច្បាស់​ជា​គ្មាន​អ្វីហូប​ទេ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ឆ្គង​និង​បញ្ហា ក្នុង​សង្គម​សង្ឃ​ខ្មែរ យើង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​លោក​សង្ឃ​ខិត​ខំ​រៀន​សូត្រ​ និង​ឧប​ត្ថម្ភ​អ្នក​រៀន៕

ពី​អាត្មា​ភាព សឿង វុទ្ធី
សាស្រ្តា​ចារ្យ ពុទ្ធិ​កសា​កល​វិទ្យា​ល័យ​ព្រះ​សីហ​នុ​រា

No comments: